ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ចាប់ឃាត់ខ្លួនតំណាងសហជីព និងអតីតមន្ត្រីគណបក្សប្រឆាំង ករណីទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ កាលពីម្សិលមិញ
Tue,22 January 2019 (Time 05:49 PM)
ដោយ ៖ ចាន់ថា (ចំនួនអ្នកអាន: 149នាក់)

កម្លាំងសមត្ថកិច្ចចម្រុះ នៅថ្ងៃច័ន្ទ ទី២១ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ បានចាប់ឃាត់ខ្លួនតំណាងសហជីព និងអតីតមន្ត្រីគណបក្សប្រឆាំងនៅខេត្តព្រះសីហនុ បន្ទាប់ពីពួកគេនាំគ្នាតវ៉ាជំទាស់ទៅនឹងអាជ្ញាធរដែលចុះទៅហាមឃាត់ពួកគេ ឲ្យផ្អាកសកម្មភាពកាយព្រំដីដែលអះអាងថា ធ្វើឲ្យប៉ះពាល់ដីរបស់ពួកគេនៅក្រុម១៨ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន បានឲ្យដឺងថា កម្លាំងចម្រុះ របស់រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុឃាត់ខ្លួន លោក ឆាយ រត្ន័ ជាមន្រ្តីរបស់សហភាពការងារកម្ពុជា និងអតីតចៅសង្កាត់រង មកពីគណបក្សសង្គ្រោះជាតិ លោក ទេព សុផា ដោយសារពួកគេប្រព្រឹត្តរឿងខុសច្បាប់ ដោយបង្ករការរំខានដល់ការងាររបស់អាជ្ញាធរ ។

នៅក្នុងនោះដែរ លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ បានប្រកាសថា ដើម្បីការពារប្រភពទឹកក្បាយឆាយ នៅតំបន់ដីអនុក្រឹត្យក្បាលឆាយ ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ ឲ្យបានគង់វង្ស គឺរដ្ឋបាលខេត្ត នឹងអនុវត្តន៍ផ្លូវច្បាប់ ដោយមិនលើកលែង ចំពោះបុគ្គលទាំងឡាយណា ដែលធ្វើឲ្យរាំងស្ទះ ចំណាត់ការរបស់អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ក្នុងសកម្មភាពការពារប្រភពទឹកស្អាត នៅតំបន់ក្បាលឆាយជាដាច់ខាត ។

លោក ស៊្រុន ស៊្រន់ បានព្រមានថា ចំពោះប្រជាពលរដ្ឋមួយចំនួន ដែលបានព្យាយាមតវ៉ាជំទាស់ ទៅនឹងវិធានការ របស់រដ្ឋបាលខេត្តព្រះសីហនុ និងបន្តទាមទារការអនុគ្រោះពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដើម្បីទទួលបានការកាន់កាប់ដីរក្សាប្រភពទឹកស្អាត នៅតំបន់ក្បាលឆាយ នឹងមិនមានការអនុគ្រោះទៀតទេ។ ជាងនេះទៀត ចំពោះការផ្តល់ដីសម្បទានសង្គមកិច្ច ក៏មិនមានទៀតដែរ ។

អភិបាលរងខេត្តព្រះសីហនុ បញ្ជាក់ថា កន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានកាត់ឆ្វៀលដី ចេញពីតំបន់ក្បាលឆាយនេះចែកជូនប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិ ដែលខ្វះដីសង់ផ្ទះ មានចំនួនរាប់ពាន់គ្រួសាររួចមកហើយៗ ក៏បានប្រកាសដាច់ខាតថា នឹងមិនមានការផ្តល់ដីសម្បទានដីសង្គមកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋទៀតទេ។ ព្រមជាមួយគ្នានេះ លោកថា រដ្ឋបាលខេត្តព្រះសីហនុ ក៏ធ្លាប់បានប្រកាសប្រាប់ប្រជាពលរដ្ឋ កុំចូលទៅកាប់រានដីព្រៃ នៅតំបន់ក្បាលឆាយ សម្រាប់រក្សាប្រភពទឹកស្អាតជាបន្តទៀត បើមិនដូច្នេះទេ អាជ្ញាធររដ្ឋបាលខេត្ត នឹងអនុវត្តតាមវិធានការច្បាប់មិនលើកលែងទេ ។

អ្នកស្រី សំ សារ៉ាត់ ភរិយាលោក ឆាយ រ័ត្ន បញ្ជាក់ថា ស្វាមីគាត់មិនបានទៅរារាំង ឬញុះញង់ពលរដ្ឋឲ្យតវ៉ារារាំងអាជ្ញាធរមិនឲ្យធ្វើការងារនោះទេ គឺគ្រាន់តែឃើញមានពលរដ្ឋតវ៉ា ហើយដើរចូលទៅមើលក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕