ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យតាមក្លឹបកម្សាន្តរាត្រី ដើម្បីទប់ស្កាត់ក្រុមបងតូចបងធំ ពិសេសបញ្ហាគ្រឿងញៀន
Tue,22 January 2019 (Time 05:52 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 122នាក់)

លោក ហែម ដារិទ្ធ អភិបាល គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចុះត្រួតពិនិត្យមើលតាមក្លឹបកម្សាន្ត ក្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ ដែលមាន ក្លឹបស្ពាយឌ័រ ក្លឹបមីតណាយ នារាត្រីថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩ ដើម្បីបង្ការការចរាចរណ៍ប្រើប្រាស់គ្រឿងញៀន ក្រុមបងតូចបងធំបទល្មើសផ្សេងៗ ពិនិត្យមើលពីប្រព័ន្ធសុវត្ថិភាព ដូចជាទ្វារហានីភ័យ បំពង់ពន្លត់អគ្គិភ័យ, បញ្ហាអនាម័យ បរិស្ថានផ្សេងៗផងដែរ។

សកម្មភាពចុះត្រួតពិនិត្យមើលតាមបណ្តាក្លឹបកម្សាន្ត របស់គណៈបញ្ជាការឯកភាពខណ្ឌបែបនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋសាទរ ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសផ្សេងៗបានមួយចំណែកដែរ រក្សាបាននូវសន្តិសុខសម្រាប់ ប្រជាពលរដ្ឋ ក៏ប៉ុន្តែគួរធ្វើយ៉ាងណាចុះពិនិត្យឲ្យ បានញឹកញាប់បន្តិច យូរៗបាននឹកឃើញម្តង ចប់បាត់ទៅហើយ។

ក្នុងការចុះពិនិត្យខាងលើនេះ លោក ហែម ដារិទ្ធ អភិបាលនៃគណៈ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានលើកឡើងប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ឲ្យដឹងថា ដើម្បីឲ្យក្លឹបនីមួយៗមានសុវត្ថិភាព បង្កហិង្សាបងធំបងតូច ចរាចរគ្រឿងញៀនជាដើម លោកនិងចុះពិនិត្យឲ្យញឹកញ៉ាប់មិនត្រឹមតែប៉ុណ្ណោះ លោកបានដាក់កម្លាំងចាំស៊ើបអង្កេត (ឌឹបេ)នៅតាមទីតាំងនីមួយៗ ហើយការចុះរដ្ឋបាលដោយបើកចំហរនេះ ក៏មិនមែនជាលើកទីមួយទេ គឺកម្លាំងចម្រុះខណ្ឌតែងតែបានចុះជាញឹកញាប់ តាមទីតាំងកម្សាន្តនានាក្នុងមូលដ្ឋាន សូមកុំព្រួយបារម្ភអី គឺសុំតែម្យ៉ាងគត់ សុំកុំប្រើគ្រឿងញៀន បើកម្លាំងសមត្ថកិច្ចឆែកឃើញ ត្រូវតែមានទោសតាមច្បាប់ជាធរមាន ក្លឹបក៏ប្រឈមនឹងការបិទអាជីវកម្មផងដែរ។

លោកអភិបាលខណ្ឌពោធិ៍សែនជ័យបន្តថា ក្នុងនាមអាជ្ញាធរ រីករាយណាស់ដោយឃើញប្អូនៗ មានលុយ និងមានឱកាសសប្បាយ តែសុំកុំដាក់ឱ្យជ្រុល បើស្រវឹងកុំបើកបរ ហើយបើបើកបរមិនកើត ហៅបងប្អូនមកទទួល ឬទាក់ទងមកសមត្ថកិច្ច នឹងជូនទៅដល់ផ្ទះ តែយកល្អប្អូនៗ កុំទទួលទានគ្រឿងស្រវឹងច្រើនពេក ក្រែងចេញទៅជួបកម្លាំងល្បាត ឬកម្លាំងត្រួតពិនិត្យជាតិអាល់កុល បើគេឆែកឃើញហួសកម្រិត គេនឹងឃាត់ទុកមួយរយៈសិន រហូតដល់ស្វាង ទើបអនុញ្ញាតឱ្យទៅផ្ទះ។

បើតាមប្រភពព័ត៌មានមួយទៀតបានឲ្យដឹងថា ទីតាំងក្លឹបមីតណាយ ពោរពេញទៅដោយបងធំបងតូច និងក្រុមប្រើប្រាស់ ថែមទាំងចរាចរគ្រឿងញៀនទៀតផង ហើយត្រូវបានកម្លាំងអន្តរាគមន៍ ពិសេសនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបបានជាញឹកញ៉ាប់ផងដែរ តែនៅតែមានក្រុមទាំងនោះ បានជាជ្រុលចុះត្រួតពិនិត្យអ៊ីចឹងហើយ ឃាត់ក្រុមយុវវ័យញៀនចូលក្លឹប ធ្វើតេស្តទឹកនោមរកសាធាតុញៀនតែម្តង កាន់តែល្អ ឬមួយមិនហ៊ានទេដឹង ៕