ថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
ពលរដ្ឋរិះគន់លោក ក្តោប រ៉ន មេឃុំជ្រាវ អនុញ្ញតអោយឈ្មួញចាក់ដីលុបប្រឡាយទឹក ជាថ្នូរនិងលុយខ្ចប់មាត់
Sun,17 February 2019 (Time 05:11 PM)
ដោយ ៖ ចាន់ មករា (ចំនួនអ្នកអាន: 16នាក់)

ប្រជាពលរដ្ឋបានចោទប្រកាន់ថា លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប គឺជាអ្នកឃុបឃិតឲ្យឈ្មួញចាក់ដីមុខលូបង្ហូរទឹកយ៉ាងគឃ្លើន នៅក្នុងភូមិបឹង សង្កាត់ជ្រាវ តាមអំពើចិត្តដោយមិនខ្វល់ពីផលប៉ះពាល់នាពេលខាងមុខនេះឡើយ។ ចំណែកលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បើកដៃឲ្យឈ្មួញចាក់ដីលុបមុខលូបង្ហូរទឹកក្នុងភូមិបឹង យ៉ាងគឃ្លើនកាលពីពេលថ្មីៗនេះ។ ដូច្នេះហើយទើបប្រជាពលរដ្ឋក្នុងភូមិបឹងសង្កាត់ជ្រាវ ក្រុងសៀមរាប បានអំពាវនាវយ៉ាងទទូចឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប ចាត់វិធានការទប់ស្កាត់ករណីខាងលើនេះជាបន្ទាន់ដើម្បីកុំឲ្យលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ឃុបឃិតបើកដៃឲ្យឈ្មួញធ្វើអ្វីៗតាមអំពើចិត្តទៀត។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យដឹងថា តាំងពីថ្ងៃទី១២ ថ្ងៃទី១៣ និងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មួញបានធ្វើសកម្មភាពចាក់ដីមុខលូបង្ហូរទឹកនៅក្នុងមូលដ្ឋានពួកគាត់យ៉ាងកំរោល ហើយគ្មានមន្ត្រីអាជ្ញាធរសង្កាត់ ចាត់វិធានការទប់ស្កាត់ឡើយ។

ប្រជាពលរដ្ឋបានរិះគន់ថាលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ជាអ្នកឃុបឃិតឲ្យឈ្មួញធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហើយលោក ងួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរទុកឲ្យឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត។ សកម្មភាពរបស់ឈ្មួញក្នុងការចាក់ដីមុខលូបង្ហូរទឹកក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប កំពុងធ្វើឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងហើយសង្ឃឹមថា លោក ទៀ សីហា អភិបាលខេត្តសៀមរាប មិនទុកឲ្យលោក ក្អោប រ៉ន និងឈ្មួញឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តឡើយ។ មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានកត់សម្គាល់ថា ចាប់តាំងពីលោក ទៀ សីហា ឡើងកាន់តំណែងជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង រួចមកគឺមិនទាន់មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នៅឡើយទេ។ ជាក់ស្ដែងបទល្មើសគ្រឿងញៀន ល្បែងស៊ីសងច្រើនប្រភេទ និងអំពើចោរកម្ម ក៏ដូចជាបទល្មើសព្រៃឈើនិងបទល្មើសនេសាទនៅតែកើតឡើងយ៉ាងរាលដាលដដែលពុំមានការថយចុះឡើយ។ មិនតែប៉ុណ្ណោះលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប កំពុងឃុបឃិតឲ្យឈ្មួញចាក់ដីលុបមុខលូបង្ហូរទឹកយ៉ាងគឃ្លើន ហើយមិនទាន់ឃើញលោក ទៀ សីហា អភិបាលខេត្តសៀមរាប ចាត់វិធានការទប់ស្កាត់នៅឡើយទេ។

ប្រជាពលរដ្ឋក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប រំពឹងថាលោក ទៀ សីហា អភិបាលខេត្តសៀមរាប មិនបណ្ដោយឲ្យមន្ត្រីពុករលួយ និងឈ្មួញខិលខូចឃុបឃិតគ្នាបំផ្លាញផលប្រយោជន៍សាធារណៈតាមអំពើចិត្តដែលលោកធ្លាប់ប្តេជ្ញាក្នុងមុខដំណែង ៕