ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ក្រុមបើកឡានលួចដឹកគោអ្នកស្រុកត្រូវអស់ល័ក្ខធ្លាក់ក្នុងដៃម្ចាស់សត្វ និងអ្នកភូមិ ក្នុងពេលដែលពួកគេធ្វើសកម្ម ភាព ហើយហ្វូងគោទាំង៦ក្បាលស្តាប់ឮសម្លេងម៉ូតូ ដឹងថាជាម្ចាស់ក៏នាំគ្នារត់ពីព្រៃមកឲ្យម្ចាស់ជួយ
Tue,05 December 2023 (Time 08:11 PM)
ដោយ ៖ ច័ន្ទសំណាង (ចំនួនអ្នកអាន: 51នាក់)

ក្លាយជារឿងហួសចិត្តជាខ្លាំងខណៈក្រុមចោរយ៉ាងសកម្មដែលជំនាញអាខាងលួចគៀងសត្វគោអ្នកស្រុកឡើងឡាន ហើយដឹកយកទៅលក់យ៉ាងមានកាក់កប ក៏ស្រាប់តែនៅជើងចុងក្រោយនេះបែរជាអស់ល័ក្ខធ្លាក់ចូលកណ្តាប់ដៃ របស់ម្ចាស់ និងអ្នកភូមិក្របួចជាប់ឲ្យក្រញ៉ង់ និយាយអ្វីលែងចេញតែម្តង ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា បក្សពួកក្រុមចោរលួចគោម្នាក់ ក្នុងចំណោម៣នាក់ ត្រូវម្ចាស់គោនិងអ្នកភូមិដេញចាប់បានភ្លាមៗ ខណៈដែលពេលពួកគេកំពុងនាំគ្នាធ្វើសកម្មភាពដេញគោ របស់អ្នកភូមិចំនួន០៦ក្បាលឱ្យឡើងឡាន កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ នៅចំណុចភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយអ្នកភូមិបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៏ភ្លាមៗតែម្តង ។

ព័ត៌មានបន្តថា ក្រុមចោរចំនួន០៣នាក់ ជិះរថយន្តមួយគ្រឿងប្រភេទទេសចរណ៍ទួរីស ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-7546 បានបើកចូលទៅក្នុងចំការមៀនមួយកន្លែង ចម្ងាយពីផ្លូវកៅស៊ូប្រហែល៥០ម៉េត្រ ។ ពេលនោះ ក្រុមចោរបាននាំគ្នាដេញគៀងគោអ្នកភូមិចំនួន០៦ក្បាល ឡើងរថយន្តរបស់ខ្លួន តែចៃដន្យត្រូវម្ចាស់គោតាមទាន់ សួរនាំក៏ផ្អើលរត់ចូលព្រៃបាត់ពីរនាក់ រីឯតៃកុងឡានត្រូវបានម្ចាស់គោនិងអ្នកភូមិក្របួចកជាប់ ខណៈដែលព្យា យាមបើកឡានរត់គេចដែរ តែគេចមិនរួច ។
បើតាមសម្ដីម្ចាស់គោថា ពេលគាត់កំពុងដើររកគោ ស្រាប់តែប្រទះឃើញជនម្នាក់បក្សពួកចោរ ដែលអង្គុយយាមច្រកចូលកន្លែងលួចគោ រូបគាត់ជាម្ចាស់គោក៏បានសួរថា មានឃើញគោររបស់គាត់ទេ បក្សពួកចោរនោះ បាន ឆ្លើយបង្វែរថា គោដើរទៅខាងលិចហើយ តែតាមការពិត ពួកវាកំពុងដឹកគោឡើងឡានសោះ ។
ម្ចាស់គោរបន្តថា រូបគាត់រកគោមិនឃើញនោះទេ ប៉ុន្តែជាសំណាងល្អសម្រាប់តែគាត់បើកម៉ូតូមកដល់ចំណុច កំប៉ូតព្រៃ សត្វគោវាចេះស្តាប់សម្លេងម៉ូតូម្ចាស់ ពួកវាក៏បាននាំគ្នារត់សំដៅមករកគាត់ តែម្តង ខណៈត្រៀមឡើងឡានចោរទៅហើយ ធ្វើឲ្យរូបគាត់ដឹងថា ក្រុមអ្នកទាំង៣គឺជាចោរក៏បានស្រែកឆោឡោឡើងតែម្តង ។
ស្ថិតក្នុងស្ថានភាពបែបនេះ ចោរម្នាក់ដែលយាមផ្លូវ និងម្នាក់ទៀតបានលោតចុះពីក្នុងឡាន រត់ចូលព្រៃបាត់ឈឹង ចំណែករីឯម្នាក់ទៀតជាបើកបរឡាន បានព្យាយាមបើកឡានរត់គេច ប៉ុន្តែពេលបើកឡើងផ្លូវកៅស៊ូក៏ជ្រុលហួសទៅធ្លាក់ប្រឡាយ ទើបត្រូវម្ចាស់គោនិងអ្នកក្របួចកជាប់ និងបានប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ដៅ ទាំងមនុស្ស ទាំងរថយន្ត ដើម្បីចាត់វិធានការតែម្ដង ៕

វីដែអូ