ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សាត្រាឬទ្ធិព័ត៌មាន STR NEWS គឺជាកញ្ចក់នៃសង្គម បង្ហាញអំពីភាពអសកម្ម ក្នុងគោលបំណងកែលំអរស្ថាបនា ទំនាក់ទំនងលេខ 012 671 373
លេចល្បីថា ទឹកដីឃុំស្រែគរ កំពុងលួចលាក់ធ្វើសកម្មភាពបទល្មើសសិប្បកម្មកែឆ្នៃឈើខុសច្បាប់ច្រើនពេកហើយ ប្រជា ពលរដ្ឋសំណូមពរ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង គួរជួយមានចំណាត់ការទប់ស្កាត់ផង
Sat,13 July 2019 (Time 09:31 AM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 75នាក់)

ទីតាំងភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង នៅពេលនេះត្រូវបានបែកធ្លាយថា កំពុងមានក្រុមជនប្រព្រឹត្ត បទល្មើសនាំគ្នា បំផុសឲ្យប្រជាពលរដ្ឋចូលទៅកាប់ប្រមូលយកឈើ នៅតាមព្រៃសហគមន៌នានា យកចូលទីតាំងសិប្ប កម្មរបស់ពួកគេ ដើម្បីធ្វើការពុះជ្រៀកកែឆ្នៃ រួចដឹកយកចេញទៅលក់ឲ្យទីផ្សាររបស់ពួកគេ ។

សេចក្តីរាយការណ៌មួយចេញពីឃុំស្រែគរបានឲ្យដឹងថា ទីតាំងភូមិស្រែគរថ្មី ក្នុងឃុំស្រែគរ ស្រុកសេសាន្តនេះ គឺជាទីតាំង
ស្ថិតនៅក្បែរទៅនឹងទីតាំងក្រុមហ៊ុនសំអាតស្តារបាតអាង របស់លោកឧកញ៉ា គិត ម៉េង ដែលកន្លងមកត្រូវបានបញ្ចប់ គម្រោងរបស់ខ្លួន នៅក្នុងការធ្វើអាជីវកម្មប្រមូលឈើកែឆ្នៃយកចេញទៅលក់ឲ្យឈ្មួញនៅក្នុងប្ររទេស ។

ទីតាំងខាងលើនេះផងដែរ កន្លងមកក៏ត្រូវបានលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ធ្លាប់បានអះអាងនៅចំពោះមុខ
ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ថា លែងមានសិប្បកម្មកែឆ្នៃឈើនាំចេញបន្តទៀតហើយ ដោយក្នុងពេលនោះ ដែរ បើទោះជាមានឈើក៏អាជ្ញាធរខេត្តស្ទឹងត្រែងបានដុតកំទេចចោលយ៉ាងច្បាស់ក្រឡែតទៀតផង ក្នុងនាមរូបលោកជា អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្ត គឺរូបលោកសូមធានា និងអះអាងទាំងស្រុង ថាទីតាំងឃុំស្រែគរ ជា ពិសេសទីតាំងក្រុមហ៊ុនសំអាតបាតអាង លែងមានសិប្បកម្មកែឆ្នៃឈើទៀតហើយ ផ្ទុយទៅវិញ ស្រាប់តែទីតាំងឃុំស្រែគរ ខាងលើនេះ បែរជាមានលួចលាក់ការធ្វើសិប្បកម្មកែឆ្នៃផលបទល្មើសឈើខ្នាតធំៗ បន្តនៅមានយ៉ាងស្អេកស្កះ ដដែល ។

សេចក្តីរាយការណ៌នោះ បានបន្តថា ទីតាំងឃុំស្រែគរ នៅពេលនេះ បើតាមដែលប្រភពជាច្រើនបានទម្លាយឲ្យដឹងថា
ហេតុដែលទីតាំងសិប្បកម្មទាំងអស់នៅតែអាចដំណើការបានយ៉ាងសម្បើមបែបនេះ គឺគេល្បីថា មានបុគ្គលម្នាក់ឈ្មោះ ផាយ ស៊ិនអ៊ី ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែគរ ជាអ្នកការពារ និងកាងក្រុមឈ្មួញសិប្បកម្មទាំងអស់នោះ មិនឲ្យមាន ក្រុមអ្នកសារព័ត៌មានរូបណាចូលទៅក្បែរទីតាំងសិបកម្មទាំងអស់នោះឡើយ ។

នៅរាល់ពេលដែលមានអ្នកសារព័ត៌មានសុំព័ត៌មានអំពីករណីសិប្បកម្ម ដែលកំពុងលួចលាក់ធ្វើសកម្មភាពបណ្តាក់គ្នា ពេញទីតាំងឃុំស្រែគរនេះ រូបលោក ផាយ ស៊ិនអ៊ី តែងបញ្ជាក់ថា គឺអ្នកដែលធ្វើសិប្បកម្មកែឆ្នៃទាំងអស់នោះ គឺសុទ្ធតែ ប្រជាពលរដ្ឋក្រីក្រ ព្រោះតែពួកគាត់ជួបនូវការខ្វះខាត និងក្រីក្រ ទើបបពួកគាត់ក៏សម្រេចធ្វើសិប្បកម្មប្រមូលឈើសេស សល់ទាំងអស់នោះ គ្រាន់នឹងដោះដូរចិញ្ចឹមជីវិត ។

ប្រភពព័ត៌មានជាច្រើនពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្រែគរ ឃុំស្រែគរ បាននិយាយថា ករណីខាងលើនេះ កុំស្មានថា បើសិនម្ចាស់សិប្បកម្មទាំងអស់នោះ មិនបានសែនព្រែនឲ្យលោកមេប៉ុស្តិ័ស្រែគរនោះទេ ស្មានថា លោកមេប៉ុស្តិ៍គាត់អាច នៅសង្ងំស្ងាត់ស្ងៀមបាននោះ ព្រោះបើយើងនិយាយអំពីខ្នាតដើមទុនដែនម្ចាស់សិប្បកម្មចំណាយប្រើវិញ ដូចជាឧបករណ៌ ទាំងអស់នោះ គឺមានតម្លៃដល់ទៅរាប់ម៉ឺនដុល្លា ក្នុងសិប្បកម្មនីមួយៗ ហើយបើពលរដ្ឋក្រីក្រ តើគាត់អាចមានដើមទុនដល់ ថ្នាក់នេះ មកប្រើចំណាយជាដើមទុន ដែរឬយ៉ាងណា ?

សម្រាប់ព័ត៌មានខាងលើ ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងស្រុកសេសាន្ត សូមសំណូមពរទៅដល់លោក ម៉ុម សារឿន អភិបាលខេត្ត ស្ទឹងត្រែង សូមមេត្តាជួយពិនិត្យ និងបោសសំអាតមន្ត្រីខិលខូចនៅក្នុងដែនសមត្ថកិច្ចខ្លួនទទួលខុសត្រូវផង ទាន ពីព្រោះថា នៅពេលនេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កំពុងពង្រឹងការ អនុវត្តន៌ច្បាប់បោសសំអាតឈ្មួញឈើខុសច្បាប់ជាច្រើននៅក្នុងចំណុចភូមិភាគឥសាន ហើយក្នុងនោះមហាជនជាច្រើន បានឃើញអភិបាលនៃគណៈអភិបាលខេត្តជាច្រើនផងដែរ បានសហការយ៉ាងស្អិតរមួត នៅក្នុងការទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ស្រាប់តែទឹកដីឃុំស្រែគរ ខេត្តស្ទឹងត្រែង ទីកន្លែងដែលលោកអភិបាលខេត្តអះអាងថា ឈប់ មានសកម្មភាពបទល្មើសព្រៃឈើ បែរជាក្លាយទៅជាសិប្បកម្មកែឆ្នៃ ឈើយ៉ាងសម្បើម ដែលកំពុងបង្ហាញអះអាងដល់ មហាជនថា លោកអភិបាលខេត្ត អាចនឹងគ្មានសមត្ថភាពនៅក្នុងការរក្សាសម្តីរបស់ខ្លួន ព្រោះមន្ត្រីក្រោមបង្គាប់មួយចំនួន
កំពុងធ្វើខ្លួន ជាអ្នកនៅពីក្រោយខ្នងសិប្បកម្មឈើខុសច្បាប់ ៕