ឯកឧត្តម ហួន ច័ន្ទថុន និយាយថា រូបខ្ញុំពិតជាមានសេចក្តីត្រេកអរ និងការពេញចិត្តយ៉ាងខ្លាំង ខណ:ដែលបាន ឃើញសារព័ត៌មានក្នុងស្រុកមួយបានធ្វើការផ្សាយដោយបានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋមកពីខេត្ត បន្ទាយមានជ័យ បានមកទស្សនានៅតាមប្រាសាទអង្គរវត្តក្នុងថ្ងៃ៧ មករា ក៏បានប្រទះឃើញកាបូបលុយភ្ញៀវបរទេស ដែលភ្លេចរួចយកទៅប្រគល់ឱ្យកម្លាំងនគរបាលបេតិកភណ្ឌ ដើម្បីរក្សាទុកជូនភ្ញៀវបរទេសវិញ ។ហេតុការណ៍ភ្ញៀវទេសចរភ្លេចកាបូបលុយនេះ កើតឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ បើតាមប្រភពពីសមត្ថកិច្ចនគរបាលប្រចាំការនៅតាមប្រាសាទអង្គរបានប្រាប់ភ្នាក់ងារកោះសន្តិភាពថា កម្លាំងភ្នាក់ងារទេសចរណ៍ បានសហការជាមួយនគរបាលបេតិកភណ្ឌ ទទួលយកកាបូបលុយពីភ្ញៀវជនជាតិខ្មែរម្នាក់ឈ្មោះ ភឿន ស៊ីនួន ភេទស្រី អាយុ៤១ឆ្នាំ មកពីភូមិតាភរ ឃុំតាភរ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលបានប្រទះឃើញកាបូបលុយពណ៌ខ្មៅមួយ នៅគោលដៅព្រះពាន់ ដោយក្នុងកាបូបរួមមាន៖-ប្រាក់ដុល្លារអូស្ត្រាលីចំនួន៣៥០AUD(បីរយហាសិបដុល្លារ) ។ ប្រាក់ដុល្លាអាមេរិកចំនួន៣០USD (សាមសិបដុល្លារ) ។ ប្រាក់រៀលចំនួន៣០០០៛(បីពាន់រៀល) ។ ប័ណ្ណបើកបរចំនួន០១ ។ វីសាកាតចំនួន០១ ។ប្រភពបញ្ជាក់ទៀតថា នៅវេលាម៉ោង១២ និង០៧នាទីថ្ងៃ ខែឆ្នាំដដែល ភ្នាក់ងារទេសចរណ៍យើង បានធ្វើការប្រគល់កាបូបលុយជូននគរបាលបេតិកភណ្ឌ ដើម្បីធ្វើការរក្សាទុកជូនដល់ម្ចាស់ដើមវិញ ។ បច្ចុប្បន្ន កម្លាំងនគរ បាលបេតិកភណ្ឌប្រចាំការតំបន់អង្គរខេត្តសៀមរាប បានធ្វើការប្រគល់កាបូបលុយ ភ្ញៀវទេសចរដែលមានម្ចាស់ឈ្មោះ EDWARD M DESSMANN ជនជាតិបារាំង ភេទប្រុស អាយុ៦១ឆ្នាំ បានមករកវិញ ដោយពិនិត្យឃើញថា ពិតជារបស់គាត់ពិតប្រាកដមែន ដូច្នោះក្រុមភ្នាក់ងារយើងបានសហការគ្នាប្រគល់ជូនគាត់វិញនៅវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ រួចរាល់ផងដែរ ។ឯកឧត្តម ហួន ច័ន្ទថុន បានបន្តថា ព័ត៌មាននេះគឺជាសក្ខីភាពដែលអាចសបញ្ជាក់បានថា ប្រជាពលរដ្ឋកម្ពុជា គ្រប់ៗរូបម្នាក់ៗ គឺសុទ្ធតែមានសេចក្តីស្រឡាញ់ និងមានសីលធម៌យ៉ាងទូលំទូលាយចំពោះមនុស្សគ្រប់ៗរូប ដូច្នេះ បងប្អូនទាំងអស់មិនថា ជាភ្ញៀវជាតិ និងអន្តរជាតិ ឬក៏ជាតិសាសន៍ថា នៅពេលដែលមានបំណងចូលកម្សាន្តក្នុង ទឹកដីកម្ពុជាត្រូវតែមានជំនឿចិត្តថា ត្រូវតែមានជំនឿចិត្តប្រកបដោយភាពកក់ក្តៅ ៕
វីដែអូ