ឯកឧត្តម ហួន ច័ន្ទថុន និយាយថា មនុស្សគ្រប់រូបអ្នកណាក៏ដូចអ្នកណាដែរ ម្នាក់ៗតែងចង់បានណាស់ ជម្រកដើម្បីគ្រួសាររស់នៅជ្រកកោណប្រកបដោយសុភមង្គល ក៏ព្រោះទីជម្រក នេះហើយគឺជាឬសគល់ នៃសុភមង្គលក្នុងគ្រួសារ ហើយអាចនិយាយបានថា ជាមោទនភាពសម្រាប់ការរស់ប្រឈមនៅក្នុងសង្គម ប្រកបដោយមោទនភាព ផ្ទុយទៅវិញក៏គ្មានការឈឺចាប់អ្វីស្មើទៅនឹងការបាត់បង់ទីជម្រកដូចគ្នាផងដែរ ក៏ព្រោះតែការបាត់បង់នេះ គឺបានធ្វើឲ្យមនុស្សបាត់បង់ជំនឿចិត្ត ហើយនឹងត្រូវប្រឈមរស់នៅកសាងចាប់ ពីចំណុចសូន្យនៅក្នុងជីវិតឡើងវិញ ។ កាលពីរសៀលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ផ្ទះចំនួន៣ខ្នងត្រូវបានបាក់ស្រុតចូលទៅក្នុងទន្លេមេគង្គ ជាបន្តបន្ទាប់ ដោយហេតុការណ៍បានកើតឡើងនៅចំណុចផ្សារក្រមួន ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កជាហេតុការភ្ញាក់ផ្អើលជាខ្លាំងដល់សាធារណៈជន នៅវេលាម៉ោង២ និង២០នាទីរសៀលផងដែរ ប៉ុន្តែទោះបីជាយ៉ាងណា គឺពុំបណ្ដាឲ្យមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិត ឡើយ ។លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀបប្រាប់អ្នកសារព័ត៌មានថា ការបាក់ស្រុតនេះបានលាតសន្ធឹង តាមបណ្ដោយច្រាំងទន្លេប្រមាណ ៤២ម៉ែត្រនិងចូលទៅក្នុងទន្លេប្រមាណ៣០ ម៉ែត្របណ្ដាឲ្យផ្ទះប្រជា ពលរដ្ឋចំនួន ៣ខ្នងស្មើនឹង ដី៣ ឡូតិ៍បានរងការខូចខាត ។ នៅក្នុងនោះមានផ្ទះជួលមួយខ្នងមានទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រ មានចំនួន២៤បន្ទប់ដែលមានម្ចាស់ផ្ទះឈ្មោះ ឌី មីន បានស្រុតចូលទៅក្នុងទន្លេ រងការខូចខាតទាំងស្រុង។ចំណែកផ្ទះ២ខ្នងទៀតបានរងការខូចខាតនៅក្នុងនោះផ្ទះមួយខ្នងស្ថិតនៅប៉ែកខាងជើង មានប្រវែង ១០ គុណ ៣០ម៉ែត្រ មានម្ចាស់ឈ្មោះ អ៊ុយ សម្បត្តិ មានស្នាមប្រេះខ្លាំង គឺមិនអាចរស់នៅបាន ។ចំណែក ផ្ទះមួយខ្នងទៀតនៅប៉ែកខាងត្បួង មានម្ចាស់ឈ្មោះ ឌី ជា ផ្ទះសង់អំពីដែកប្រក់សង្កសី មានបីបន្ទប់ ប្រវែង ១០ម៉ែត្រ គុណនិង៣០ម៉ែត្រ គឺមិនអាចរស់នៅបាន ។តាមព័ត៌មានបញ្ជាក់ថា បន្ទាប់ពីមានការបាក់ស្រុតផ្ទះរងការខូចខាតនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចុះទៅពិនិត្យ និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះផងដែរ។ទាក់ទិនទៅនឹងការរងគ្រោះដោយធម្មជាតិនេះ ឯកឧត្តម ហួន ច័ន្ទថុន សូមសំណូមពរសូមដល់បងប្អូនទាំង អស់ដែលមានទីជម្រកជាប់ក្បែរទៅនឹងច្រាំងទន្លេ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា ក៏ព្រោះថា ជុំវិញនៃការប្រាក់ស្រុតផ្ទះចូលទន្លេនេះ សម្រាប់ប្រទេសកម្ពុជារបស់យើង គឺតែងកើតមានជា រឿយៗស្ទើរគ្រប់បណ្តាទីតាំងដែលស្ថិតនៅជាប់ច្រាំងទន្លេ ដូច្នេះដើម្បីសុវត្តិភាព សូមបងប្អូនម្ចាស់លំនៅ ដ្ឋានទាំងអស់ធ្វើការទំនាក់ទំនងទៅកាន់រដ្ឋអំណាចមូលដ្ឋានឲ្យបានទាន់ពេលវេលា ខណៈដែលបងប្អូន បានឃើញថាមានតម្រុយពីបាតុភូតណាមួយដែលបងប្អូនមានការសង្ស័យថា មិនមានផលល្អសម្រាប់ លំនៅដ្ឋានរបស់បងប្អូន ៕
វីដែអូ