ថ្ងៃច័ន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ដឹងរឿងហើយ បុរសម្នាក់ដែលធ្លាក់ពីរថយន្តនៅផ្លូវក្រវ៉ាត់ក្រុងផ្លូវជាតិលេខ៣ ការពិតនោះគឺជាការចាប់ជំរិតមនុស្ស
Tue,04 March 2025 (Time 08:42 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 33នាក់)

ករណីជនរងគ្រោះម្នាក់ដែលបានចុចបើកកញ្ចក់រថយន្ត ហើយព្យាយាមគេចខ្លួនតាមបង្អួច ដោយបានធ្លាក់ពីលើរថយន្តតែម្តង។ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនោះ នៅទីបំផុតករណីនេះត្រូវបានបង្ហាញការពិត នោះគឺជាការ ចាប់ជំរិតមនុស្ស ។

តាមព័ត៌មានឲ្យដឹងថា ជនជាតិម្នាក់បានសម្រេចបើកទ្វារកញ្ចក់រថយន្ត ហើយប្រតាយប្រតប់ហក់ពីរថយន្តគេចខ្លួន បានសម្រេច រួចក៏បានរត់ចូលហាងបាយមួយកន្លែងដើម្បីឱ្យប្រជាពលរដ្ឋជួយ ហើយបន្ទាប់មកក៏មានសមត្ថកិច្ចមកដល់និងបាននាំជនរងគ្រោះមកសាកសួរតែម្តង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅ ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ LIU SEN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEN6418573 មានសុពល ភាពលិខិតឆ្លងដែន ២៣/ ០១/ ២០៣៥ សុពលភាពទិដ្ឋាការ ០២/ ០៤/ ២០២៥ ។ បានបាត់ វ៉ាលិសដាក់ខោអាវ ចំនួន១ និងបាត់ទូរស័ព្ទ១គ្រឿង ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅអំឡុងឆ្នាំ២០១៦ ឈ្មោះ LIU SEN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន បានចាកចេញប្រទេសចិន ទៅរស់នៅប្រទេសអូស្ត្រាលី ដើម្បីប្រកបរបររកស៊ីលក់កញ្ចក់រថយន្តនៅទីនោះ ដែលមានជនជាតិអូស្ត្រាលី ភេទប្រុស ជាដៃគូរកស៊ីត្រូវជាមិត្តភក្តិរបស់ខ្លួន ។ នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ឈ្មោះ LIU SEN បានស្គាល់ឈ្មោះ FENG ZHIYE ភេទប្រុស ជនជាតិចិន តាមរយៈឈ្មោះ WANG JIANWEI ភេទប្រុស ជនជាតិចិន ដែលជាមិត្តភក្តិជិតស្និតបានណែនាំ ។

ប្រភពព័ត៌មានបន្តថា ឈ្មោះ LIU SEN បានទាក់ទងជាមួយឈ្មោះ FENG ZHIYE បានរយៈពេល០៣ខែ ដោយឈ្មោះនេះបានព្យាយាមពន្យល់និងលួងលោមឈ្មោះ LIU SEN ឱ្យមករកស៊ីនៅប្រទេសកម្ពុជា ដោយឈ្មោះ FENG ZHI YE បានប្រាប់ថា ខ្លួននឹងបើកក្រុមហ៊ុនរកស៊ីមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ តែមិនទាន់ប្រាប់ថារកស៊ីអ្វីនោះទេ និងសន្យាថាឱ្យឈ្មោះ LIU SEN ឈរឈ្មោះជាតំណាងក្រុមហ៊ុននិងទទួល បានភាគលាភជាប្រចាំខែ ។ ដោយមូលហេតុឈ្មោះ WANG JIANWEI ដែលជាមិត្តភក្តិជិតស្និតបានណែនាំ និងបានប្រាប់ថា ឈ្មោះ FENG ZHIYE ជាមនុស្សគួរឱ្យទុកចិត្តបាន ហើយឈ្មោះ FENG ZHIYE បាននិយាយលួងលោមបន្ថែមទៀតនោះ ទើបឈ្មោះ LIU SEN សម្រេចចិត្តមកប្រទេសកម្ពុជា ។

ប្រភពព័ត៌មានបន្តថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២២ និង៥០នាទី ឈ្មោះ LIU SEN បានចាកចេញពីប្រទេសអូស្ត្រាលី ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១ និង០០នាទី តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ នៅពេលមកដល់ ឈ្មោះ LIU SEN បានទាក់ទងទៅឈ្មោះ FENG ZHIYE ហើយឈ្មោះនេះក៏បានរៀបចំរថយន្ត ០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-5042 ដោយមានអ្នកបើកបរជាជនជាតិខ្មែរម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស បានមកយក ឈ្មោះ LIU SEN ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅជួបជនជាតិចិនម្នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) ដែលជាដៃគូរកស៊ីរបស់ឈ្មោះ FENG ZHIYE ។

នៅពេលធ្វើដំណើរដល់ចំណុចមួយ នៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ក្បែរស្ពានអាកាសផ្លូវជាតិលេខ២ ក៏មានបុរសជនជាតិខ្មែរចំនួន០៣នាក់ ឈរចាំនៅលើចិញ្ចើមផ្លូវក្នុងចំណុចខាងលើ ហើយបានលើកដៃហៅ ពេលនោះអ្នកបើករថយន្តបានឈប់ចតឡាននៅលើចិញ្ចើមផ្លូវនោះ ស្រាប់តែបុរសជនជាតិខ្មែរទាំង០៣នាក់នោះ បានរត់ ឡើងលើរថយន្តដោយបុរសជនជាតិខ្មែរចំនួន០២នាក់ បានចាប់ដៃឈ្មោះ LIU SEN ទាំងសងខាង និងម្នាក់ទៀតបានធ្វើការសង្កត់ពីលើដោយបានចាប់ក ព្រមទាំងបានប្រើអំពើហិង្សា នឹងដកហូតយកទូរសព្ទរបស់ឈ្មោះ LIU SEN ទៀតផង។

នៅពេលនោះ ឈ្មោះ LIU SEN បានរើបម្រាស់តបត ជាមួយបុរសជនជាតិខ្មែរទាំង០៣នាក់នោះ និងបានចុចបើកកញ្ចក់រថយន្ត ដោយព្យាយាមគេចខ្លួនតាមបង្អួច ហើយក៏បានធ្លាក់ពីលើរថយន្តតែម្តង។ នៅពេលដែលឈ្មោះ LIU SEN គេចខ្លួនបានសម្រេច ខ្លួនក៏បានរត់ចូលហាង បាយមួយកន្លែង ដើម្បីឱ្យប្រជាពលរដ្ឋជួយ ហើយបន្ទាប់មកក៏មានសមត្ថកិច្ចមកដល់និងបាននាំខ្លួនមកសាកសួរតែម្តង ។

ទោះជាយ៉ាងណា បច្ចុប្បន្នជនជាតិចិនខាងលើ ត្រូវបាននាំមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីធ្វើការសាកសួរបន្ត ៕

វីដែអូ